វ៉ាស៊ីនតោនៈយោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០១២ថា ធនាគារ ពិភពលោក “World Bank” បានអនុម័តផ្ដល់ ប្រាក់កម្ចី ប្រមាណ ៤,៣ពាន់លានដុល្លារ ដល់ប្រទេសឥណ្ឌា ។
ធនាគារពិភពលោក បានប្រកាសឱ្យដឹង នៅថ្ងៃពុធម្សិលមិញថា ធនាគារបានបង្កើនថវិកាកម្ចី ដល់ឥណ្ឌា ប្រមាណ ៤,៣ពាន់ លានដុល្លារសហរដ្ឋអាមេរិក ។
ធនាគារខាងលើ ដែលមានស្នាក់ការកណ្ដាល នៅរដ្ឋធានីវ៉ាស៊ីនតោន បានចេញសេចក្ដីប្រកាសព័ត៌មានថា នេះជាការ ព្រមព្រៀងគ្នាថ្មី ដែលធនាគារនឹងផ្ដល់ប្រាក់កម្ចី ទាំងនេះដល់ប្រទេសឥណ្ឌា ដើម្បីទិញប្រាក់បម្រុងពិសេសពីធនាគារ អន្ដរជាតិសម្រាប់វិស័យសំណង់ និងការអភិវឌ្ឍន៍ ហៅកាត់ “IBRD ” ។
លោក អ៊ីសាប៊ែល ហ្គេរ៉េរ៉ូ “Isabel Guerrero” អនុប្រធានធនគារពិភពលោក ប្រចាំតំបន់អាស៊ីខាងត្បូងបាន លើកឡើងថា “ឥណ្ឌាប្រឈមមុខនឹងការប្រកួតប្រជែងគ្នា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធាន មនុស្ស” ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ធនាគារពិភពលោក មានគម្រោងការនៅក្នុងប្រទេសឥណ្ឌាប្រមាណ ជិត ៨០គម្រោង ក្នុងនោះគម្រោងធំជាងគេរួមមាន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ៕